និយមន័យ​នៃ​ពាក្យថា ​កំណែទម្រង់ ដែល​ប្រើប្រាស់​ក្នុង​គំនិតផ្តួចផ្តើមចងក្រងបញ្ជី​កំណែទម្រង់​នេះ សំដៅលើ “សកម្មភាព​ផ្លូវការ​នានាដែល​មាន​គោលបំណង​រួមចំណែក​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការ​ផ្តល់​សេវារបស់​ក្រសួង​សាម៉ីនិង/ឬក៏​ស្ថានភាព​របស់​សាធារណជនក្នុង​វិស័យនេះ”។ កំណែទម្រង់ទាំងឡាយណា ដែល​ត្រូវបានផ្តួច​ផ្តើម​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ ២០១៣ និង​ដែល​ទើប​តែ​អនុវត្ត ឬ​ពង្រឹង​ការ​អនុវត្ត​កាលពីពេល​ថ្មីៗនេះក៏ត្រូវបាន​រាប់បញ្ចូលផងដែរ។ វិធីសាស្ត្រដែលត្រូវបានប្រើក្នុងដំណើរការ​ជ្រើសរើស​កំណែទម្រង់​កំពូលៗរួមមាន​​​​៖ ការ​ស្រាវជ្រាវ​ឯកសារពាក់ព័ន្ធពី​ប្រភពអនឡាញ ការ​សម្ភាស​ជាមួយ​អ្នក​ជំនាញ​តាម​វិស័យ ជំនួបជាមួយ​អ្នកផ្តល់​ព័ត៌មាន​សំខាន់ៗនៅតាម​ក្រសួងនានា​ និង​ការ​ពិនិត្យឡើងវិញនូវបញ្ជី​កំណែទម្រង់ជាមួយនឹង​ក្រុម​ផ្តល់​ប្រឹក្សាដែល​តំ​ណាង​ឲ្យ​វិស័យទាំងបីគឺ​ សេដ្ឋកិច្ច​ សង្គម និង​រដ្ឋបាល។ រូបភាពទី គឺជាការបង្ហាញ​ដោយ​សង្ខេប​ពី​ដំណើរការ​នៃ​ការ​ជ្រើសរើស​កំណែទម្រង់កំពូលៗទាំងនោះ។​

. ការ​ជ្រើសរើសក្រសួង

ក្រសួងនិមួយៗត្រូវបាន​ដាក់បញ្ចូល​ក្នុង​ដំណើរការ​នៃ​ការ​ជ្រើសរើស​កំណែទម្រង់នេះ​​ដោយផ្អែក​ទៅ​តាម​លក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា៖ (១) កំណែទម្រង់​ក្នុង​ក្រសួងត្រូវបាន​រាយការណ៍​តាម​សារព័ត៌មាន (២) កំណែទម្រង់​ក្នុង​ក្រសួងត្រូវបាន​លើកឡើងក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​ជំនាញ​តាមវិស័យមកពីវិស័យឯកជន និង​អង្គការសង្គមស៊ីវិល និង​ (៣)​ ក្រសួង​អាច​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធដើម្បីជាទុនសំរាប់​ធ្វើការ​វាយតម្លៃ​កំណែទម្រង់​បាន។​


Process Khmer.JPG


ដំណើរការ​នៃ​ការ​ជ្រើសរើស​ចាប់ផ្តើម​ជាមួយនឹង​ការ​ពិនិត្យ​ឡើងវិញជាបឋមនូវ​ឯកសារ​ពាក់ព័ន្ធ​តាមរយៈការ​ស្វែងរក​ក្នុង​Google នៅ​លើគេហទំព័រ​ព័ត៌មាន ដូចជា៖ សារព័ត៌មាន​ភ្នំពេញប៉ុស៌្ត ខេមបូឌាឌេលី ខ្មែរថែមស៍ សម្លេង​សហរដ្ឋអាមេរិក (VoA) សម្លេង​ប្រជាធិបតេយ្យ (VoD)​វិទ្យុអាស៊ី​សេរី (RFA) និង ​វិទ្យុ​បារាំង​អន្តរជាតិ (RFI)។​ កំណែទម្រង់ទាំងអស់ ដែល​ត្រូវបាន​ផ្សព្វផ្សាយ តាម​រយៈ​គេហទំព័រ​ព័ត៌មាន​អនឡាញសុទ្ធ​តែ​ត្រូវបាន​យកមក​បញ្ចូល​ក្នុង​បញ្ជីកំណែទម្រង់។ បន្ទាប់ពី​ពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធរួចរាល់ហើយ​ ក្រុម​ស្រាវជ្រាវ​បាន​ធ្វើការ​សម្ភាសជាមួយ​អ្នក​ជំនាញ​តាមវិស័យដូចជា វិស័យ​សេវាសង្គម រដ្ឋបាល​សាធារណៈ និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច ដើម្បីទទួលបាន​ការ​យល់ដឹង​ជារួមពី​កំណែទម្រង់​នានាក្នុង​វិស័យ​សំខាន់ៗទាំង៣នេះ និង​ធ្វើការ​ប្រមូល​ផងដែរនូវព័ត៌មាន​អំពី​កំណែទម្រង់ផ្សេងៗដែល​កំពុង​អនុវត្តនៅតាមក្រសួង​នីមួយៗ។ នៅពេល​ដែល​ក្រុម​ស្រាវជ្រាវ​កំណត់បាន​នូវ​កំណែទម្រង់ដែល​ត្រូវបាន​លើកឡើងទាំងនៅ​ក្នុងបណ្តាសារព័ត៌មាន​អនឡាញផងនិង​ដោយ​អ្នក​ជំនាញ​តាមវិស័យផង ពួកគាត់បាន​ធ្វើការ​ស្រាវជ្រាវ​រក​​​ផងដែរនូវរបាយការណ៍​ប្រចាំឆ្នាំ ឯកសារគោលនយោបាយនិង​ច្បាប់ និង​ផែនការ​យុទ្ធសាស្ត្រនៅ​លើ​គេហទំព័រ​របស់ក្រសួងនិមួយៗ។ ប្រសិនបើឯកសារទាំងនេះ​ពុំ​មាននៅលើ​គេហទំព័រ​របស់ក្រសួងណាមួយទេ ក្រុម​ការងារនឹង​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ក្រសួងនោះដើម្បី​ស្នើសុំឯកសារ។ លុះត្រាតែ​ក្រសួង​​បាន​បំពេញ​គ្រប់​លក្ខណៈវិនិច្ឆ័យ​ទាំង ៣ដែលបានរៀបរាប់ខាងលើ ហើយ​ឯកសារ​អាចរកបាន ឬត្រូវបានផ្តល់ឲ្យ​ទាន់ពេលវេលាសម្រាប់​ដំណើរការជ្រើសរើស​កំណែទម្រង់នេះ បើមិនដូច្នោះទេ កំណែទម្រង់របស់ក្រសួងនោះ​មិន​ត្រូវ​បានយកមកធ្វើការ​ពិចារណាឡើយ។​
ផ្អែក​តាម​លក្ខណៈវិនិច្ឆ័យខាងលើនេះ ក្រសួង​ចំនួន ១២ ក្នុង​ចំណោម​ក្រសួងទាំង ២៧ ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​ដំណើរការ​នៃ​ការ​ជ្រើសរើស​កំណែទម្រង់​នេះដែលមានដូចជា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) ក្រសួងមុខងារសាធារណៈ (MCS)ក្រសួងពាណិជ្ជកម្ម (MoC) ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF)ក្រសួងអប់រំ យុវជន និង​កីឡា (MoEYS) ក្រសួង​បរិស្ថាន (MoE)ក្រសួង​សុខាភិបាល (MoH) ក្រសួងឧស្សាហកម្ម និង​សិប្បកម្ម (MIH) ក្រសួងមហាផ្ទៃ (MoI) ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (MoLVT) ក្រសួងរ៉ែ និង​ថាមពល (MME) និងក្រសួងកិច្ចការនារី (MoWA)។​ បន្ទាប់មក ក្រសួងទាំង ១២ ត្រូវ​បាន​បែងចែក​ជា ៣ វិស័យ គឺ​សេដ្ឋកិច្ច សង្គម និង​រដ្ឋបាល ដោយផ្អែក​ទៅតាម​លក្ខណៈ និង​ការ​ផ្តោត​សំខាន់​នៃ​ការងាររបស់ក្រសួងទាំងនោះ។​

. ការ​ពិនិត្យលើឯកសារពាក់ព័ន្ធ

ការពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ ផ្តល់​នូវព័ត៌មានអំពី​កំណែទម្រង់នានានៅ​តាម​ក្រសួង​នីមួយៗទាំង​ជា​ភាសាខ្មែរ និង​ភាសាអង់គ្លេស។ ការ​ពិនិត្យ​ឡើងវិញនេះត្រូវបាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ស្វែងរកព័ត៌មានលើ​គេហទំព័រ​របស់​ក្រសួង​ដែល​ត្រូវបាន​ជ្រើសរើសទាំង​១២​ដើម្បី​រក​មើល​របាយការណ៍​ប្រចាំឆ្នាំ ឯកសារ​គោលនយោបាយ និង​ច្បាប់ និង​ផែនការ​យុទ្ធសាស្ត្រនានា​របស់​ក្រសួង។​ ទំព័រ​ហ្វេសប៊ុករបស់ក្រសួង​ដែល​ត្រូវបាន​ជ្រើសរើសទាំងអស់ក៏ត្រូវបាន​ពិនិត្យផងដែរ ​ដើម្បីរក​ការ​ប្រកាសនានាស្តីអំ​ពី​កំណែទម្រង់​ដែល​ត្រូវបាន​បង្ហោះផ្សាយក្រោយ​ការ​បោះឆ្នោតជាតិ​ឆ្នាំ ២០១៣។ ការ​ស្វែងរកព័ត៌មានបន្ថែម​ក្នុង Google បាន​ផ្តល់​នូវ​របាយការណ៍ និងឯកសារ​គោលនយោបាយដែល​មិន​អាច​រក​បាន​លើគេហទំព័ររបស់ក្រសួងទាំងនោះ។​​ ព័ត៌មានទាក់​ទង​​នឹងកំណែទម្រង់ដែល​ត្រូវបាន​ចុះ​ផ្សាយតាម​រយៈ​គេហទំព័រ​ព័ត៌មាន​អនឡាញ​ ត្រឹមថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៥ ត្រូវបាន​ពិនិត្យឡើងវិញ។ ឯកសារនានា​ដែល​ទទួលបាន​ពី​ការ​ពិនិត្យ​ឯកសារពាក់ព័ន្ធរួមមាន ព័ត៌មាន​អនឡាញ របាយការណ៍​ប្រចាំឆ្នាំ របាយការណ៍​សមិទ្ធផល បទបង្ហាញ​របស់​មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង ឯកសារគតិយុត្តិ (ក្រឹត្យ អនុក្រឹត្យ ប្រកាស សារាចរណ៍ សេចក្តីណែនាំ ច្បាប់ គោលការណ៍ណែនាំ សន្ទរកថារបស់រដ្ឋមន្ត្រី និង​ការ​ប្រកាស​របស់​ក្រសួងជាដើម) និងឯកសារ​គោលនយោបាយ​នានា (ផែនការ​សកម្មភាពជាតិ ផែនការ​យុទ្ធសាស្ត្រ​របស់ក្រសួង និង​គោលនយោបាយ​អភិវឌ្ឍន៍របស់ក្រសួង)។

. ការសម្ភាសជាមួយ​អ្នក​ផ្តល់ព័ត៌មាន​សំខាន់ៗ

ការ​សម្ភាសជាលក្ខណៈឯកជនជាមួយ​អ្នក​ផ្តល់​ព័ត៌មាន​សំខាន់ៗដូចជាអ្នក​ជំនាញតាមវិស័យ និង​តំណាងមកពីតាម​ក្រសួងនានា ត្រូវបាន​ធ្វើឡើងដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​អំពី​កំណែទម្រង់។ ក្រុម​ស្រាវជ្រាវ​បាន​ជួប​ជាមួយនឹង​តំណាងមកពី​ក្រសួង​ដែល​ត្រូវបាន​ជ្រើសរើសទាំង ១២ ដោយក្នុង​នោះមាន​រដ្ឋមន្ត្រីចំនួន ៧ រូបផងដែរ។ ក្នុង​ជំនួបទាំងនេះ រដ្ឋមន្ត្រី​បាន​តែងតាំងតំណាងម្នាក់របស់​ក្រសួង​ដែលយល់ដឹងពីកំណែទម្រង់ក្នុងក្រសួងឲ្យ​ធ្វើការរៀបចំ​កិច្ច​ប្រជុំ​តាមដាន​បន្តជាមួយ​នឹង​ក្រុម​ស្រាវជ្រាវ RII។ លើសពីនេះទៅទៀត ​ក្រុម​ស្រាវជ្រាវក៏​បាន​ធ្វើការសម្ភាសផងដែរជាមួយ​អ្នកជំនាញក្នុង​ស្រុក និង​អន្តរជាតិជាង ២០​រូប​ដែល​ជា​តំណាង​ជាន់​ខ្ពស់​មកពីតាម​ទីភ្នាក់ងារ​ទ្វេភាគី ស្ថាប័នពហុភាគី អង្គការ​មិន​មែនរដ្ឋាភិបាល និង​វិស័យឯកជន។​

. ក្រុម​ផ្តល់​ប្រឹក្សា

បន្ទាប់ពីធ្វើការ​បូកសរុប​ព័ត៌មានដែល​ទទួលបានពី​ការ​ពិនិត្យឯកសារពាក់ព័ន្ធ​និងការ​សម្ភាសជា​មួយអ្នកជំនាញ​តាមវិស័យនិង​អ្នក​ផ្តល់ព័ត៌មាន​សំខាន់ៗដៅ​តាម​ក្រសួងរួចមក​ បញ្ជី​កំណែ​ទម្រង់នៅតាមក្រសួងទាំងអស់​ត្រូវបាន​ពិនិត្យម្តងទៀតដោយ​ក្រុម​ផ្តល់​ប្រឹក្សាចំនួន ៣៖ រដ្ឋបាល សង្គម និង​សេដ្ឋកិច្ច។ តួនាទីរបស់​ក្រុមផ្តល់​ប្រឹក្សានីមួយៗ គឺត្រូវពិនិត្យមើល​បញ្ជី​កំណែទម្រង់ និង​កំណត់ឲ្យបាននូវ​កំណែទម្រង់ដែល​មានឬ​ទំនងបំផុត​ថា​នឹង​មាន​ផលវិជ្ជមានចំពោះ​ការ​ផ្តល់សេវាសាធាណៈ។ តំណាងជាន់ខ្ពស់មកពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ និង​អ្នក​ដឹកនាំ​ក្នុង​វិស័យមួយចំនួនត្រូវបាន​ជ្រើសរើសដើម្បី​ចូលរួម​ជាសមាជិក​ក្រុម​ផ្តល់​ប្រឹក្សានេះ។ សមាជិក​របស់​ក្រុម​ផ្តល់​ប្រឹក្សានេះត្រូវបាន​ជ្រើសរើសដោយផ្អែក​ទៅតាម​ចំណេះដឹង និង​បទពិសោធន៍​របស់ពួកគេលើ​វិស័យ​ពាក់ព័ន្ធនានា។ ក្នុង​ករណីខ្លះ សមាជិកទាំងនេះ​គឺជា​គណៈគ្រប់គ្រងជាន់ខ្ពស់​របស់​ទីភ្នាក់ងារដែល​ទទួលរងឥទ្ធិពល ឬ​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​នឹង​កំណែទម្រង់ណាមួយ។